
លោក ពិន ប្រាកដ បានបញ្ជាក់ថា ជាបន្តបន្ទាប់កន្លងមកសប្បុរសជនតែងតែបាននាំមក នូវជាថវិកា សម្ភារៈ ក្នុងស្មារតីមនុស្សសធម៌ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ដែលបច្ចុប្បន្ននេះ ជម្ងឺឆ្លងនេះបាននិងកំពុងយាយីក្នុងពិភពលោកមិនទាន់បានធូរស្បើយនៅឡើយ ។ ដោយឡែកសម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីត១៩នេះ ដែលនឹងកំពុងឆ្លងក្នុងសហគមន៍នៃបណ្ដាខេត្ត រាជធានីមួយចំនួនផងដែរ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងក្រុមគ្រួសារ ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ទាំងអស់ក្នុងការឧបត្ថម្ភជាទឹកអាកុល និងម៉ាសពេទ្យ ដែលជាតម្រូវការចាំបាច់ ដល់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលពិភពលោកក៏ដូចជានៅកម្ពុជាយើងបាននឹងកំពុងមានក្ដីព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ លោកបានបញ្ជាក់ថា ចំពោះអំណោយទាំងអស់នេះនឹងចាត់បញ្ជូនឲ្យដល់អង្គភាពស្ថាប័នមូលដ្ឋានគោលដៅសំខាន់ៗ បានប្រើប្រាស់ក្នុងសកម្មភាពបង្ការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ដែលរដ្ឋបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរួមគ្នាបង្ការទប់ស្កាត់ មិនឲ្យមានការឆ្លងចូលដល់ក្នុងសហគមន៍ខេត្តសៀមរាប ។
ក្នុងនោះលោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យគោរពនិង ប្រតិបត្តិឲ្យបានជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕