
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ។
ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយត្រូវត្រួតពិនិត្យសុខភាពបឋមដល់អាជីវករ និងអ្នកចេញ-ចូលក្នុងផ្សារ លាងសម្អាតដៃនឹងអាកុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ព្រមទាំង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។