រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ខេត្តសៀមរាប ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់ និងករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

  • 1.0ពាន់
  • ដោយ vannak
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ទៅលើឈ្មោះ ណាវ សុខ ភេទស្រី អាយុ៤៥ឆ្នាំ អាសយដ្ឋានភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងបានមរណភាព កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ឃាង លក្ខណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៥នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង