ឯកឧត្តម ទៀ សីហា ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារក្មួយប្រុស គង់ សីហា ដោយបានបញ្ជាក់ ចំពោះថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានប្រគល់ជូនគ្រួសារក្មួយប្រុស គង់ សីហា នេះ បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ និង ប័ណ្ណចាក់វ៉ាក់សាំង បានច្រកចូលក្នុងថង់ប្លាស្ទិកពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់តាំងឲ្យឯកឧត្តម នាំយកជំនួយថវិកាចំនួន២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាពនិង ផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្ររបស់កុមារា គង់ សីហា ។
ឯកឧត្តមបានបន្តទៀតថា ក្រៅពីថវិកា សម្តេចតេជោ ក៏ បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ លើសពីនោះ ជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និង សប្បុរសជននានា ឯកឧត្តម ទៀ សីហា ក៏បានជំរុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីជួយស្វះស្វែងរកមុខរបរណាមួយសម្រាប់ឪពុកម្តាយរបស់កុមារា គង់ សីហា ដើម្បីបានចិញ្ចឹមជីវិត និង បានផ្គត់ផ្គង់ដល់កូនឲ្យរៀនបន្តទៀត ។
ក្នុងនោះដែរប្អូនប្រុស ជាំង គង់ ត្រូវជាឪពុកក្មួយប្រុស គង់ សីហា ក៏បានថ្លែងអំណរគុណដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ក៏ដូចឯកឧត្តមអភិបាលខេត្ត ដែលបានផ្តល់ថវិកា និង សាងសង់លំនៅដ្ឋានជូនដល់ក្រុមគ្រួសារខ្លួន និង ប្អូនស្រី ព្រមទាំងបានតាំងចិត្តក្នុងការជំរុញកូនៗរបស់ខ្លួន ឲ្យចូលសិក្សារៀនសូត្ររហូតដល់ចប់កម្រិតសិក្សា កុំឲ្យដូចខ្លួនដែលមិនចេះអក្សរ នេះមកពីភាពក្រីក្ររបស់គ្រួសារទាំងពីរ មិនបានចូលសិក្សាគិតតែប្រឹងធ្វើស្រែចំការ ផ្គត់ផ្គង់ក្រុមគ្រួសារតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កន្លងមកជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្ត បន្ទាប់ដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ ៕
