
ផ្តើមចេញពីទេសចរណ៍ក្រៅពីប្រាសាទ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញគម្រោងចំនួន២ ទី១-ការរៀបចំបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ នៅក្នុងក្រុងសៀមរាប ដើម្បីបើកទំព័រថ្មីទទួលភ្ញៀវទេសចរ និងទី២-ការរៀបចំសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវ៉ារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ក្រៅពីប្រាសាទ។ ការរៀបចំនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានផ្ញើសារជាសម្លេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ កន្លងទៅថ្មីៗនេះ។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល អាចទៅកំសាន្តនិងទស្សនានៅតំបន់សហគមន៍ចង្ក្រានរយ ដែលជាព្រៃធម្មជាតិ និងមានទឹកធ្លាក់ព្រមទាំងខ្យល់ធម្មជាតិផងដែរ។
លោក ឡាយ គឹមសួរ ប្រធានកិត្តិយសសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប បានបង្ហាញនូវការចាប់អារម្មណ៍ថា យោងតាមស្ថានភាពបច្ចប្បន្ននេះ ទំនោរនៃការដើរកំសាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកំសាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។
លោកក៏បានបង្ហាញឲ្យដឹងទៀតដែរថា គម្រោងនៃការរៀបចំពីធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ( ២០២១-២០២២ ) នៅសហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ដែលកម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន ដែលរៀបចំកម្មវិធីឱ្យមានការបែងចែកជាពីរផ្នែក គឺបើកឲ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍ និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចនៃភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំនេះ ក៏បានបញ្ជាក់ឲ្យដឹងដែរថា តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរនាសម័យកាលព្រះបាទត្រសក់ផ្អែម។ តំបន់ទសចរណ៍ធម្មជាតិមួយនេះ មានព្រៃ ទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសង្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយ ក្រៅពីនេះតំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចំការម្នាស់ដុះលើថ្មជាដើម ទឹកធ្លាក់ ហើយដែលទាំងនេះ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវ៉ារិន នៃខេត្តសៀមរាប៕
+16
មតិ 1
ចែករំលែក 3
ចូលចិត្ត
មតិ
ចែករំលែក