
ដើម្បីឲ្យអង្គសន្និបាតប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាចំនួន០៤ គឺទី១ ពិភាក្សាលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ,ទី២.ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិកូវិដ១៩ ដោយផ្អែកតាមសក្តានុពលរបស់មូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ ,ទី៣ លើការអនុវត្តការងាររដ្ឋបាល និង ការគាំទ្ររបស់រដ្ឋបាលក្រុង ស្រុក ដល់ឃុំ-សង្កាត់ និង ការ ផ្តល់សេវារដ្ឋបាលសាធារណៈ តាមរយៈចក្រចេញចូលតែមួយ និង ការអនុវត្តតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងទី៤ ការរៀបចំ និងយន្តការដោះស្រាយសណ្តាប់ធ្នាប់ បរិស្ថាន សោភណ័ភាពទីប្រជុំជន ក្រុង ស្រុក ឃុំ-សង្កាត់ និង ការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្រុក ឃុំ សង្កាត់ និងការងារដីធ្លី ។
នាឱកាសបើកអង្គសន្និបាត ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេល មួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឱ្យបានជោគជ័យនាឆ្នាំខាងមុខ ។
ឯកឧត្តម បានបន្តទៀតថា ក្នុងអង្គសន្និបាតនេះដែរ យើងនឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឱ្យមានប្រធានបទពិភាក្សាតាមក្រុម សំខាន់ផ្តោតលើ វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិបឹងទន្លេសាប តំបន់ព្រៃឈើ បញ្ហាគ្រឿងញៀន អត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី និង ការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំ-សង្កាត់ ។ ម៉្យាងទៀតក៏បានផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្តបានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម បានសូមឱ្យអង្គសន្និបាតទាំងមូលផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនាឆ្នាំ២០២២នេះ៕