
ថ្លែងក្នុងកម្មពិធីដ៏មានតម្លៃនេះដែរ លោក អភិបាលរងខេត្ត បានស្នើក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។
លោកបានបន្ថែមទៀតថា លោក លោកស្រី ដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្ដិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទកភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះ សូម លោក លោកស្រី អស់លោកទំាងអស់ មេត្ដាយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនដូចដែលខ្ញុំបានគូសបញ្ជាក់ជូនខាងលើឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។ លើសពីនេះទៀត ខ្ញុំក៏បានសង្កេតឃើញថា ក្រុមប្រឹក្សាសង្កាត់អាណត្ដិចាស់ពិតជាមានឆន្ទៈ ប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្ដិទី៥ តាមរយៈការប្រគល់-ទទួលត្រា បញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានានៅមុននេះបន្ដិច។
ក្នុងឱកាសនោះដែរលោកបានមានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី មកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕