
នាឱកាសនេះ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ក្រុមប្រឹក្សាឃុំថ្មី មកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ សូមឱ្យក្រុមប្រឹក្សាឃុំថ្មីគ្រប់រូប ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៍សម្បុរ ឬនិន្នាការនយោបាយ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជឿទុកចិត្ត និងបន្តការគាំទ្រ។
ជាមួយគ្នានេះ លោក បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺ ការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥ រួមមាន ៖ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាព និងមេភូមិ។ ដូច្នេះតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការអនុវត្តគម្រោង ការអនុវត្តថវិកាឱ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាន បន្តបណ្តុះបណ្តាលធនធានមនុស្ស និងប្រើប្រាស់ធនធានទាំងនោះឱ្យមានប្រសិទ្ធភាព ពង្រឹងគុណភាព និងវិសាលភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានគ្រប់មជ្ឈដ្ឋាន និងត្រូវយល់ច្បាស់ពីតួនាទីសាមញ្ញរបស់ខ្លួន ដូចជា ភូមិសាស្រ្តថាមានអ្វី ខ្វះអ្វី ត្រូវការអ្វី ស្គាល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីសិក្សា ស្វែងយល់ និងបំពេញតម្រូវការជូនពួកគាត់ស្របតាមមូលដ្ឋានច្បាប់ដែលបានកំណត់៕