
បន្ទាប់ពីសេចក្ដីរាយការណ៍របស់ លោក ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ទាំង៦ រួចមក អង្គប្រជុំបានជជែក ពិភាក្សា និងពិនិត្យដោយយកចិត្តទុកដាក់លេីទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតក្នុងតំបន់៣ នៃបឹងទន្លេសាប និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីសម្រេចលេខ ០៥២/២២ សសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារ ត្រួតពិនិត្យ និងអង្កេតវាស់វែង ប្រមូលទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផល មុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣
បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៦ ក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វេីការកាត់ឆ្វៀលជូនបងប្អូនប្រពលរដ្ឋដែលបានរស់នៅ អាស្រ័យផលចាប់ពី ១០ឆ្នាំឡេីងទៅតាមភាពជាក់ស្ដែង និងយោងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់បង្កើតដែនព្រៃលិចទឹក ដែលហៅថាតំបន់៣ ស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប ខេត្តសៀមរាប មានចំនួន៦ ក្រុង ស្រុក មានឃុំ សង្កាត់ចំនួន ២៨ ស្មើនឹងភូមិចំនួន ៨៦ គ្របដណ្ដប់លើផ្ទៃដីតំបន់៣ មានទំហំ ១២៦ ៨៩៨,៦៤៤១ហិកតា(មួយរយម្ភៃប្រាំមួយពាន់ប្រាំបីរយកៅសិបប្រាំបីហិកតា និងប្រាំមួយពាន់បួនរយសែសិបមួយម៉ែត្រការ៉េ)៕