
យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។ ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថាថ្មីៗនេះ នាដើមឆ្នាំ២០២២មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លី និងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត៕