
ផ្តើមចេញពីកុសលផលបុណ្យនៃការកាន់បិណ្ឌវេនទី១៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងក្រុមការងារ បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន១២មុខ និង បច្ច័យ ១១លានរៀល និងប្រាក់ដុល្លា ៨ពាន់ដុល្លារ បានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តដំណាក់ សម្រាប់តំកល់ទុកក្នុងការកសាងក្នុងទីវត្ត ព្រមទាំងបាន ប្រគេននូវស្លាដក និងបច្ច័យមួយចំនួនដល់ព្រះសង្ឃទាំង១០០អង្គផងដែរ ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ស្ថិតក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៏ឯក ស្ថាបនិកសន្តិភាពនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋ ប្រារព្ធប្រតិបត្តិ ធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា បុណ្យកាន់បិណ្ឌ ដែលមានតាំងពីបុរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ ។ ម៉្យាងទៀត ដោយការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងពេលជួប នូវវិបត្តិជំងឺកូវីដ-១៩ សម្តេចនាយករដ្ឋមន្ត្រី បានស្វែងរកវ៉ាក់សាំង ចាក់ស្រោចជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍អ្វីនោះឡើយ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជម្រុញ ដោយឥតគិតថ្លៃ ទើបបានធ្វើឲ្យមានស្ថានការ ជួបជុំបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងការប្រារព្វពិធីបុណ្យកាន់បិណ្ឌនោះឡើងវិញ ប្រកបដោយភាពស្និតស្នាលទៀតផង ។
សម្តេចក៏បានលើកផងដែរថា ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ។ ម៉្យាងទៀត បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើង វិញក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅនោះ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្រោមម្លប់សន្តិភាព ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ ។ សម្តេចបានបន្តថា ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្យឆ្នាំនេះ ប្រជាពុទ្ឋបរិស័ទកុះករ អ៊ូរអរខុសគ្នាឆ្ងាយកាល ពីរឆ្នំាកន្លងទៅដោយសារតែវិបត្តិឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងបើកដំណើរការប្រទេសឡើងវិញដើម្បីឲ្យចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ តាមរយៈការរៀនរស់តាមគន្លងថ្មី និងវិធានការ៣ការពារ៣កុំ ។ កត្តានេះហើយទើបបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីអាចមានឱកាសជួបជុំធ្វើបុណ្យទានបំពេញកុសលទៅតាមជំនឿរៀងៗខ្លួន៕