
លោក អភិបាលរងខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសមាគមប្រជាជនខេត្តYunnan សម្រាប់កិច្ចសហប្រតិបត្តិការបរទេសដែលបានអញ្ជេីញជួបពិភាក្សាការងារដោយផ្ទាល់ ក្រោយពីវិបត្តិជំងឺកូវីដ-១៩បានស្រាកស្រាន្ត។ ក្នុងនោះដែរ ភាគីទាំងពីរ បានលើកឡើងអំពីចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តYunnan ប្រទេសចិន និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងផលប្រយោជន៍ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក។ លើសពីនេះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដោយបន្តជំរុញការផ្លាស់ប្ដូរបន្ថែមទៀតទាក់ទងនឹងវិស័យមួយចំនួនដូចជា វិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងកសិកម្ម ដើម្បីធ្វើយ៉ាងណាឱ្យខេត្តទាំងពីរអាចរួមគ្នាអភិវឌ្ឍកាន់តែរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងធនធានមនុស្ស។
ជាមួយគ្នានេះ ភាគីប្រតិភូខេត្តYunnan ក៏បានស្នើសុំរដ្ឋបាលខេត្តសៀមរាបសហការ និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលី នៃខេត្តYunnan និងក្រុងសៀមរាប នៃខេត្តសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាព តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរសង្ឃឹមថានឹងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចបន្ថែមទៀត ក្នុងរូបភាពគាំទ្រដល់វិស័យ ទេសចរណ៍ វប្បធម៌ និងអប់រំ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅខ្លាំងឡើងថែមទៀត៕