
មុនការប្រារព្ធពិធីតាមបែបសាសនា ក៏មានធ្វើការដង្ហែរព្រះពុទ្ធរូបប្រទកិ្សណ ជុំវិញប្រាង្គប្រាសាទបាយ័នទៅតាមពុទ្ធបញ្ញតិរបស់ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ តាមការបញ្ជាក់របស់គ្រូអាចារ្យបានឲ្យដឹងថា ការរៀបចំពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃវរៈឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ឬទីកន្លែងមួយដែលបានកំណត់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាមកយូរលុងមកហើយ។ លោកតាអាចារ្យក៏បានបញ្ជាក់ថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាយុទ្ធសាស្ត្រអប់រំមួយ និង បង្កភាពសប្បាយដល់ស្រទាប់យុវជន ព្រមទាំងក្មេងចាស់ ដោយមិនបានប្រកាន់គ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ នៃមហាគ្រួសារខ្មែរ តែមួយ ។
សូមជម្រាបថា ក្នុងរយៈពេល ៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ ថ្ងៃទេ និង ចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យ នៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើ ពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឱ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឱ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និងឱ្យត្រជាក់ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីទាំងអស់គ្នា៕