
លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចូលរួមក្នុងសកម្មភាពអន្តរជាតិលើការការពារប្រាង្គប្រាសាទនៅតំបន់អង្គរ ចាប់ពីឆ្នាំ១៩៩៨មក ហើយចិនបានចាត់ក្រុមជំនាញបុរាណវិទ្យាជាបន្តបន្ទាប់ ជួយជួសជុលប្រាសាទចៅសាយទេវតា ,ប្រាសាទតាកេវ និង បច្ចុប្បន្នកំពុងបន្តជួសជុលប្រាសាទភិមានអាកាស ។ លោកបានបញ្ជាក់ថា លើសពីនេះចិនក៏ជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃការអភិរក្សនិងអភិវឌ្ឋប្រាសាទព្រះវិហាផងដែរ ។ លោក Liu Zhijie បញ្ជាក់ថា ដើម្បីការពាររមណីយដ្ឋានអង្គរប្រកបដោយចេរភាព ចិនបានឆ្លើយតបតាមការអំពាវនាវរបស់អង្គការយូណេស្កូនិង រាជរដ្ឋាភិបាលកម្ពុជាសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏ទំនើបលើទុនវិនិយោគចំនួន១ពាន់១០០លានដុល្លារអាមេរិក។ មានប្រសាសន៍នោះដែរលោក យុន លីណេ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសគឺប្រទេសចិនត្រូវបានលើកកម្ពស់មួយកម្រិតធំថែមទៀត រហូតប្រសិទ្ធនាមថា(ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ) ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហរគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើម ស្តីពីកសាងរួមគ្នាលើគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ។ លទ្ធផលជាផ្លែផ្កាដែលស្តែងចេញពីទំនាក់ទំនងនេះ ខេត្តសៀមរាប ក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិរក្ស និងជួសជុលប្រាសាទបុរាណ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុននេះ ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តសៀមរាប លើកឡើងថា ចំពោះកិច្ចការអភិរក្ស ជួសជុលបេតិកភណ្ឌវប្បធម៌ ការងារស្រាវជ្រាផ្សេងៗក្នុងតំបន់អង្គរ សាធារណៈរដ្ឋប្រជាមានិតចិនបានសហការជាមួយអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន បានជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ជួសជុលព្រះមរាជវាំង ក្នុងបរិវេណប្រាសាទអង្គរធំ និង គម្រោងសិក្សាស្រាវជ្រាវជួសជុលប្រាសាទបេងមាលា និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងបុរាណវិទូរចិន និងបុរាណវិទូរកម្ពុជា និងសហការការងារស្រាវជ្រាវបុរាណវិទ្យាបន្តរហូតដល់បច្ចុប្បន្ននេះ ៕