រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប បានសំណេះសំណាល និងទទួលរថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះពីខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ

  • 29
  • ដោយ vannak

រដ្ឋបាលសាលាខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយរថយន្តចំនួន ៤គ្រឿង គឺរថយន្តសង្រ្គោះបន្ទាន់ ២គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ពីខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម KIM Jin Kyung ប្រធានសភាខេត្ត Gyeonggi-do និង សហការី ត្រូវបានធ្វើការប្រគល់នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត និង មន្ត្រីសាលាខេត្តផងដែរ ។

ឯកឧត្តម លី សំរិទ្ធ ក៏បានគូសបញ្ជាក់ជូនដល់គណៈប្រតិភូ ខេត្ត Gyeonggi-do ឲ្យបានដឹងថាខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពខេត្ត ក្រុង ស្រុក នៅតាមបណ្តាប្រទេសមួយចំនួន សំខាន់ចងសម្ព័ន្ធជាមួយខេត្ត ក្រុង ចំនួន៤ នៃសាធារណរដ្ឋកូរ៉េ ។ ឯកឧត្តមបានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន អញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ បានសម្តែងការពេញចិត្ត នៃកាទំនាក់ ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដែលជាអាទិ៍ នយោបាយសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំងផ្លាស់ប្តូរប្រជាពលរដ្ឋ និង ព្រជាពលរដ្ឋ ។ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បានកត់សម្គាល់ទាក់ទងទៅនឹង វិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម ដែលធ្វើឲ្យការទំនាក់ទំនង មិត្តភាព និង កិច្ច សហប្រតិបត្តិការបានល្អរវាងខេត្តសៀមរាប និង ខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋកូរ៉េ បានរួមចំណែកការអភិវឌ្ឍខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តម លី សំរិទ្ធ ក៏បានលើកផងដែរ ពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់មិត្ត កូរ៉េ នៅលើទឹកដីខេត្តសៀមរាប ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្តល់នូវរថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ដើមី្បយកមកបម្រើការងារសង្គ្រោះ នៅក្នុងខេត្តសៀមរាប ។

ឯកឧត្តមបានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០នេះ បានរុញកម្ពុជាឲ្យចាកផុតពីប្រទេសក្រីក្រ ឲ្យក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ ក្នុងនោះរាជរដ្ឋាភិបាល អណត្តិទី៧នេះ បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការកម្រែទម្រង់រាជរដ្ឋាភិបាល សំខាន់កម្រែទម្រង់សេដ្ឋកិច្ច , រដ្ឋបាល , ប្រព័ន្ធយុត្តិធម៌។ កត្តាទាំងនេះក៏ផ្តើមចេញពីកិច្ចទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់គណៈប្រតិភូខេត្ត Gyeonggi-do ដែលបានលើកឡើងពីតម្រូវការពលករទៅធ្វើការងារនៅប្រទេសកូរ៉េ ក៏ជាការផ្តល់ឱកាសដល់ពលករកម្ពុជា បានទៅបម្រើ ការងារនៅកូរ៉េ ដែលមានប្រាក់ចំណូលខ្ពស់ ។ ក្នុងកិច្ចទំនាក់ទំនងនេះដែរ នឹងផ្តល់ដល់អ្នកវិនិយោគសំខាន់ៗ មកពីបណ្តា ប្រទេសនានា ចូលមកវិនិយោគនៅកម្ពុជា សំខាន់វិនិយោគនៅខេត្តសៀមរាប។ ឯកឧត្តមប្រធាន មានសង្ឃឹមជឿជាក់ថា កិច្ចទំណាក់ទំនងនេះ នឹងធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ និងសម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ កាន់តែស្អិតរមួតរឹងមាំ យូអង្វែង និងធ្វើឲ្យអ្នកវិយោគមកពីខេត្ត Gyeonggi-do មកបណ្តាក់ទុនលើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម និង សេវាកម្មផ្សេងៗ នៅខេត្តសៀមរាប ។

ឯកឧត្តម KIM Jin Kyung ប្រធានសភាខេត្ត Gyeonggi-do ក៏បានលើកឡើងថា ខេត្តសៀមរាប និង ខេត្ត Gyeonggi-do បានធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានធ្វើការសិក្សាស្វែងយល់ អំពីសក្តានុពល រវាងខេត្តទាំងពីរ ដោយផ្តោលសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម អប់រំ សុខាភិបាល ពាណិជ្ជកម្មជាដើម ។ ម៉្យាងទៀខេត្តទាំងពីរ ក៏បានជម្រុញសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា សំខាន់ខេត្តសៀមរាប។ ឯកឧត្តមបានបន្តថា ខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលពោពេញទៅដោយប្រាង្គប្រាសាទល្បីៗ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំពោះជំនួយជាសម្ភារៈ បរិក្ខា រថយន្តនេះ ជួយដល់ខេត្តសៀមរាបនេះ នឹង ធានាបានល្អនូវផ្នែកសន្តិសុខ សុវត្ថិភាព និង ការ ជួយសង្គ្រោះផ្សេងៗផងដែរ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ខេត្តយើងទាំងពីរជាបងប្អូន នៅពេលប្រទេសកូរ៉េជួបនូវកង្វះ ពលករធ្វើការងារ ខេត្តទាំងពីរមានទំនាក់ទំនង ក្នុងការបញ្ជូនពលករទៅបម្រើការងារ ក្នុងការជួយលើកកម្ពស់សក្តានុពល ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ ៕

អត្ថបទទាក់ទង