រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុគណៈកម្មការបច្ចេកទេស នៃការរៀបចំការប្រកួតអុំទូកនៅខេត្តសៀមរាបបានប្រជុំត្រួតពិនិត្យលេីការងារដាក់ពាក្យទូក​ និងណែនាំដល់ក្រុមការងារត្រូវមានសុក្រិតភាពដល់ទូកទាំងអស់

  • 29
  • ដោយ vannak

នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស ដឹកនាំ ដោយលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស ដើមី្បត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធផងដែរ។

លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត និងជាអនុប្រធាន គណៈកម្មការបច្ចេកទេស បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ ដោយបញ្ជាក់ថា មកដល់ពេលនេះលេខាធិការដ្ឋាន នៃគណៈកម្មការបានទទួលក្នុងការចុះឈ្មោះទូកដែលត្រៀមចូលរួមប្រកួតអុំ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តទៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅថ្ងៃទី១៤.១៥ ខែវិច្ឆិកាខាងមុខនេះ ។

លោក អ៉ឹង គឹមលាង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការខុស ប្លែកពីបណ្តាឆ្នាំមុនៗ ហើយក៏ជាកិត្តិយសផងដែរ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក បានចូលរួមធ្វើការប្រកួត បើកវគ្គដំបូង ដើមី្បអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោក អ៉ឹង គឹមលាង ក៏បានធ្វើការណែនាំមួយចំនួន ដល់ ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំទីលានប្រកួតឱ្យបានល្អ ទាំងសោភ័ណភាព បរិស្ថាន អនាម័យ និង ធានាសុវត្ថិភាពដល់ក្រុមកីឡាករ។ ម៉្យាងទៀត អនុគណៈកម្មការបច្ចេកទេស ត្រូវមើលការខុសត្រូវខ្ពស់លើការចាប់ផ្គូរផ្គងទូក ទៅតាមប៉ូល នីមួយៗ ប្រកបដោយភាពសុក្រឹត្យ និង គ្រប់គ្រងឱ្យបានចំនួនកីឡាករ កីឡាការិនី ចំណុះទូកនិមួយៗឱ្យបានត្រឹមត្រូវទៅតាមឈ្មោះកីឡាករ ដែលគណៈកម្មការទទួលបាន។ ក្នុងនោះលោកក៏បានជំរុញដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលពុំទាន់មានទូក ក៏ត្រូវប្រញ៉ាប់កំណត់ទូក ដែលខ្លួនត្រូវធ្វើការឧបត្ថម្ភ គាំទ្រ ក្នុងការគ្រប់គ្រងឧបត្ថម្ភដល់កីឡាករ ក្នុងពេលហ្វឹកហាត់ និង កំណត់ទីកន្លែងស្នាក់នៅផងដែរ ។ អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ ៕

អត្ថបទទាក់ទង