រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣

  • 20
  • ដោយ vannak

ថ្ងៃចន្ទ ០៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារបាយ័នអេរា (Boyon Era Hotel) ខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងអង្គទូតនានា លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក-លោកស្រី អគ្គនាយករង តំណាងស្ថានទូត និងអង្គទូត លោក-លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន លោក-លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោក-លោកស្រី តំណាងអង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាជិក-សមាជិកា ក្នុងអង្គសិក្ខាសាលា។

ថ្លែងក្នុងពិធីពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាពិធីបើកសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» នេះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថានទូតនានា, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ និងជំរុញការ អនុវត្តផែនការមេនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ផែនការមេគ្រប់ជ្រុងជ្រោយនេះ គឺជាកាសំយោគបញ្ចូលគ្នា នូវផែនការមេផ្លូវថ្នល់, ផែនការមេផ្លូវដែក, ផែនការមេផ្លូវទឹក, ផែនការមេកំពង់ផែ, ផែនការមេផ្លូវអាកាស, ផែនការមេឡូជីស្លឹក និងផែនការអន្តរមធ្យោបាយ ប្រកបដោយ ភាពប្រទាក់ក្រឡានៅក្នុងវិស័យដឹកជញ្ជូនផង ហើយស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផងដែរ ដែលផែនការមេគ្រប់ជ្រុងជ្រោយនេះ នឹងជួយរួមចំណែក សម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានបន្តថាផែនការមេនេះ មានកំណត់នូវគម្រោងសរុបចំនួន ១៧៤គម្រោង ដោយបែងចែកដំណាក់កាលអនុវត្តជាពីរ គឺ៖ (១) គម្រោងអនុវត្តរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) ចំនួន ៩០គម្រោង និង (២) គម្រោងរយៈពេលវែង (២០២៨-២០៣៣) ចំនួន ៩១គម្រោង, ជាមួយនឹង ទុនវិនិយោគចំនួន ៣៦.៦ ប៊ីលានដុល្លារអាម៉េរិក។ ហេីយឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ពិនិត្យមើលឱកាសនៃការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្លឹក ដែលមានគម្រោងអាទិភាពនៅ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម កម្ពុជា ២០២៣-២០៣៣» ទាំងក្នុងរយៈពេខ្លី-មធ្យម-វែង ដែល ឯកឧត្តម ឈៀង ពេជ្រ នឹងធ្វើបទបង្ហាញដោយលម្អិតនូវគម្រោងអាទិភាពទាំងនោះ។ ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ឱ្យមានប្រសិទ្ធភាព ខ្ពស់ និងទាន់ពេលវេលា ឯកឧត្តមបានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមឱ្យបានច្រើន កុះករក្នុងការផ្សព្វផ្សាយបន្តនូវផែនការមេគ្រប់ជ្រុងជ្រោយនេះ ដើម្បីទាក់ទាញវិនិយោគិន ក្នុងការជួយជំរុញអនុវត្តគម្រោង ដែលមានចែងក្នុងផែនការមេគ្រប់ជ្រុងជ្រោយនេះ ប្រកប ដោយភាពជោគជ័យ ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលរបស់យើង៕

អត្ថបទទាក់ទង