រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលក្រុងលីស៊ួយខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាំយកអំណោយជាបរិក្ខាពេទ្យប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

កាលពីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៅសាលាខេត្តសៀមរាប និងបាននាំយកអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០កំប្លេរ និង ម៉ាស់ ចំនួន១ម៉ឺនម៉ាស់ មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប។

លោក Mei Zhongmin ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន សំខាន់ខេត្តសៀមរាប និង ក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺ ឆ្លងកូវិដ១៩ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយមកដល់ថ្ងៃនេះមិនរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ហើយកត្តាទាំងនេះគឺវិធីសាស្ត្រដ៏ល្អក្នុងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកថាស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវ វិធីសាស្ត្រ និង ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ដែលបានកំពុងតែ អនុវត្តនៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើការផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ ៕

អត្ថបទទាក់ទង