រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ធនាគារជាតិកម្ពុជា ផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ”នៅខេត្ដសៀមរាប

  • 6
  • ដោយ vannak

នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤នេះ ធនាគារជាតិកម្ពុជាបានរៀបចំវេទិកាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” និងប្ដូរក្រដាស់ប្រាក់រៀលចាស់ ទក់ ឬរហែក ព្រមទាំងតាំងបង្ហាញពិព័រណ៌ប្រាក់រៀលដោយសេរីនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ក្រុងសៀមរាប ខេត្ដសៀមរាបក្រោមអធិបតីភាពឯកឧត្ដម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា និងលោក​ សំកុល​ សុចិត្រា​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងមានការចូលរួមពីមន្ទីរ​ អង្គភាព​ ធនាគារ​ គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ​ និងវិស័យឯកជនផងដែរ។

លោក សំកុល សុចិត្រា បានរំលេចផងដែរថាខេត្តសៀមរាប បានទទួលនូវវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារ និងហិរញ្ញវត្ថុក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការនៅខេត្តសៀមរាបមានចំនួនសរុប៥៨គ្រឹះស្ថាន និងបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្តឱ្យប្រព្រឹត្តទៅប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ រួមមាន សេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាសនៅគ្រប់ទីកន្លែងក្នុងខេត្តសៀមរាប។​ លោកបានបន្ដថា ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាប ក៏ដូចជាសង្គម-សេដ្ឋកិច្ចជាតិជារួម អាចប្រព្រឹត្តទៅដោយរលូន ទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាងឱ្យអត្តសញ្ញាណជាតិ ដូចនេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយ និងទេសចរបរទេស ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ។

លោក​ អភិបាលរងខេត្ត កន្លងមកខេត្ដសៀមរាបបានទទួលទេសចរបរទេស និងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ដែលបាននាំមកនូវប្រភពចំណូលជារូបិយប័ណ្ណបរទេសមួយចំនួនដល់ប្រជាពលរដ្ឋ ហើយការចូលរួមប្រើប្រាស់ប្រាក់រៀលនៅខេត្តសៀមរាបនៅមានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងការធ្វើដំណើរ ជាដើម។

ឯកឧត្ដម យឹម លាត បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងជាលើកដំបូងនៅ ខែធ្នូ ឆ្នាំ១៩៥៤ ហើយរហូតដល់ខែកញ្ញា ឆ្នាំ១៩៥៥ ប្រាក់រៀលត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ប្រើប្រាស់ជាទូទៅក្នុងប្រទេសនាសម័យសង្គមរាស្រ្តនិយម​ ប៉ុន្តែជាអកុសល ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីដើមឆ្នាំ១៩៧០ ដែលបានបណ្តាលឱ្យជំនឿទុកចិត្តលើប្រាក់រៀលចាប់ផ្តើមសាបរលាបជាបណ្តើរៗ និងត្រូវបានលុបបំបាត់ទាំងស្រុងក្នុងរបប ប៉ុល ពត ដែលជាការចាប់ផ្តើម ឆ្នាំសូន្យសម្រាប់ប្រទេសកម្ពុជា។ឯកឧត្ដមបន្ដថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ ហើយប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ ជាផ្លូវការនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ គ្រប់រូប។ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាបានបោះឆ្នោតសកលជាលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់​ នាពេលនោះ បានចាយវាយ ជាប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រតិបត្តិការការងារ និងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិកមួកខៀវ។

ឯកឧត្តម​ បានបន្តថាគួបផ្សំនឹងការហូរចូលនៃប្រាក់ជំនួយអភិវឌ្ឍន៍ ពាណិជ្ជកម្ម វិនិយោគ និងទេសចរបរទេសដែលបន្តនាំយកប្រាក់ដុល្លារអាមេរិកមកប្រើដោយផ្ទាល់ទៀតនោះ កម្ពុជាបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក យ៉ាងទូលំទូលាយរហូតដល់បច្ចុប្បន្ន។​ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជាបានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០។ កាលនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លាន ដុល្លារអាមេរិកមកកម្ពុជា ហើយនៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជាក៏មានភាពទន់ខ្សោយនៅឡើយដែរ។ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ៤០៥០៛/១$ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ។ នេះគឺជាមេរៀនប្រវត្តិសាស្រ្តដែលបានបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។ឯកឧត្ដម បញ្ជាក់ថា ការងារលើកកម្ពស់ប្រាក់រៀលដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង