រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង​ និងដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីក្នុងខេត្តសៀមរាប

  • 5
  • ដោយ vannak

នាថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្តលោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានចូលរួមប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង​ និងដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្ដម​ បណ្ឌិត​ ចន​ ណារិទ្ធ​ អនុរដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច​ និងហរិញ្ញវត្ថុ​ ដោយមានការចូលរួមពីលោក​ លោកស្រី​ ប្រតិភូក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងមន្ទីរ​ អង្គភាពពាក់ព័ន្ធ។

លោក​ នាក់​ ណេរ៉ុន​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាត្រីវិស័យ រួមជាមួយ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួង ក្នុងការបន្តលើកកម្ពស់សិទ្ធិ និងការជួយដល់ ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម​ ដោយផ្អែកលើមូលដ្ឋានមិនបោះបង់ និងមិនរើសអើង ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្រ្តី ជនចាស់ជរា ជនពិការ ជនអនាថា អតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល និយាយជារួម និងសម្រាប់ជនអនាថានិយាយដោយឡែក។​ លោក​ បានបន្តថាការដោះស្រាយបញ្ហាជនអនាថា មិនមែនជារឿងងាយស្រួលទេ ការងារមានបញ្ហាស្មុគស្មាញច្រើនណាស់ ប្រៀបបាននឹងការវែកចក ប៉ុន្តែមន្ទីរ​ ក៏ដូចជាក្រមការងារបានធ្វេីការដោះស្រាយបញ្ហាប្រកបដោយភាពទន់ភ្លន់ បត់បែន និងការទទួលខុសត្រូវ ដោយឈរលើគោលការណ៍គោរពសិទ្ធិ និងមនុស្សធម៌។

លោក​ អភិបាលរងខេត្តបានបន្តថាកន្លងមកមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលជាលេខាធិការដ្ឋាននៃអនុគណៈកម្មាការ បានដោះស្រាយស្រាយបញ្ហាជនអនាថា អ្នកសុំទាននៅតាមទីសាធារណៈ ដោយធ្វេីការប្រមូល និងគ្រប់គ្រងទិន្នន័យជនគ្រោះ (អនាថា និងអ្នកសុំទាន) តាមមធ្យោបាយធ្វើអង្កេតរហ័ស​ ស្រង់យកទិន្នន័យពីប្រព័ន្ធទិន្នន័យឃុំ សង្កាត់ (CDB)​ និងចុះប្រមូលទិន្នន័យផ្ទាល់ជាក់ស្តែង ដោយរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិជាដៃគូ​ ជាក់ស្តែ ងឆ្នាំ២០២៤ មានចំនួន១៦៨នាក់ ស្រី ៦៦នាក់។

ឯកឧត្ដម​ បណ្ឌិត​ ចន​ ណារិទ្ធ​ បានថ្លែងអំណរគុណចំពោះការខិតខំរបស់អាជ្ញាធរខេត្ត​ ដែលបានគ្រប់គ្រង​ និងដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីខេត្តសៀមរាប​ ទោះបីការងារនេះមានភាពស្មុគស្មាញយ៉ាងក៏ដោយ​ ក៏អាជ្ញាធរខេត្តមិនទុកពួកគាត់ចោល។ ទន្ទឹមនឹង​នេះ ឯកឧត្តម​ បណ្ឌិត​ អនុរដ្ឋលេខាធិការ​ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធឱ្យបន្តការគ្រប់គ្រងឱ្យបានល្អបន្តទៀត​ ដេីម្បីកុំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប៕

អត្ថបទទាក់ទង