នារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការសាកសួរប្រជានេសាទ ដើម្បីស្វែងយល់អំពីជីវភាពប្រចាំថ្ងៃ ព្រមទាំងស្ដាប់នូវសំណូមពរផ្សេងៗរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្តេចបានអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និងបាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលថ្នាក់ជាតិប្រចាំស្នាក់ការកំពង់ភ្លុកផងដែរ។
ទន្ទឹមនឹងនេះ បងប្អូនប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបសូមគោរពលើកដៃប្រណម្យ ថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រីដែលផ្តល់ផ្លូវមួយខ្សែសម្រាប់ធ្វេីដំណេីរ និងដឹកផលនេសាទទៅរកទីផ្សារ។