នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ លោក Li Mingshan អភិបាលរងក្រុង Hefei នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូទាំងអស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួបនោះ លោកអភិបាលរងក្រុង Hefei នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានថ្លែងអំណរគុណដល់ លោកអភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ ដែលបានចំណាយពេលវេលានៅចុងសប្តាហ៍ជួបជាមួយគណៈប្រតិភូ និងផ្តល់នូវព័ត៌មានទូទៅរបស់ខេត្តសៀមរាបជូនដល់គណៈប្រតិភូទាំងអស់បានដឹងយ៉ាងច្បាស់ពីសក្តានុពលដ៏អស្ចារ្យរបស់ខេត្តសៀមរាប ជាមួយនឹងសម្បត្តិវប្បធម៌ ប្រាសាទបុរាណដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្ត តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និង ការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀតឥតឈប់ឈរក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាលខេត្ត ដែលនេះគឺជាទ្រព្យសម្បត្តិរបស់ខេត្តដ៏អស្ចារ្យមិនអាចកាត់ថ្លៃបានក្នុងការទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងអ្នកវិនិយោគិនគ្រប់ទិសទី ។ អភិបាលរងក្រុង Hefei នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ និងគណៈប្រតិភូទាំងអស់ពិតជាស្រឡាញ់ និងពេញចិត្តជាមួយនឹងភាពស្រស់ស្អាតនៃខេត្តសៀមរាប ។ លោកប្រធានប្រតិភូ បានបញ្ជាក់ថា ជំនួបនៅថ្ងៃនេះ គឺជាការរិតចំណងមិត្តភាព និងសហប្រតិបត្តិការក្នុងទំនាក់ទំនងទ្វេភាគី និងជំរុញវិស័យទេសចរណ៍ខេត្តក្រុងទាំងពីរឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត ដោយលោកសន្យានឹងជួយផ្សព្វផ្សារពីសក្តានុពលខេត្តសៀមរាបទៅកាន់បងប្អូនប្រជាពលរដ្ឋចិនក្នុងក្រុង Hefei នៃខេត្តអានហួយ ទាំង១៣លាននាក់ឱ្យមកដើរលេងកំសាន្តនៅខេត្តសៀមរាប និងចង់ឱ្យប្រជាជនកម្ពុជាទៅលេងទីក្រុង Hefei ផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប និងសូមថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេល ដ៏មមាញឹកមកបំពេញទស្សនកិច្ចប្រទេសកម្ពុជា ពិសេសខេត្តសៀមរាបរបស់យើងខ្ញុំ ដែលការបំពេញទស្សនកិច្ចនេះក៏ក្លាយជាការរិតចំណងមេត្រីភាពទ្វេភាគី ក្នុងសម័យកាលសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ។ លោក រំពឹងថាចាប់ពីពេលនេះតទៅនឹងមានអ្នកទេសចរចិនមកពីក្រុង Hefei មកដើរលែងកំសាន្ត និងស្វែងយល់ពីសក្តានុពលវិនិយោគក្នុងខេត្តសៀមរាបផងដែរ។ ក្នុងនាមអាជ្ញាធរខេត្តសូមសម្តែងការរីករាយ និងសូមផ្តល់ការគាំទ្រចំពោះគំនិតយោបល់ដែលបានលើកឡើងរបស់ លោកអភិបាលរងក្រុង និងសូមឱ្យការស្នាក់នៅលើទឹកដីខេត្តសៀមរាប-អង្គរទទួលបាននូវសេចក្តីសុខ និងដិតជាប់នូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕