ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាម ទូលព្រះបង្គំផ្ទាល់ សូមព្រះបរមរាជានុញ្ញាត អភិវន្ទ លំឱនកាយ វាចាចិត្ត ក្រាបបង្គំ សម្តែង ថ្វាយ នូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាតរៀងទៅ។ទូលព្រះបង្គំជាខ្ញុំ សូមធ្វើអភិវន្ទកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើក ហត្ថទាំងទ្វេ ប្រណម្យបួងសួង ដល់គុណ បុណ្យ ព្រះរតនត្រ័យ កែវទាំងបី បារមី ទេវតា ថែរក្សា ប្រាង្គប្រាសាទ នានា ក្នុងទឹក ដី សៀមរាប អង្គរ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៤ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនៈកោដ្ឋ សូមមេត្តាប្រោះព្រំទ្រទ្រង់ គាំពារ ថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមទ្រង់សមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
