រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលអំណោយមនុស្សពីអង្គការ ក្រុមរ៉ូតារី អង្គរ

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលអំណោយអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោកស្រី អាណា ប្រធានអង្គការ ក្រុមរ៉ូតារី អង្គរ។ ក្នុងឱកាសនោះ លោកស្រី បានឱ្យដឹងថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់សមាជិក សមាជិកា នៃក្រុមរ៉ូតារីអង្គរ ជាពិសេសគឺចែករំលែកក្ដីស្រលាញ់ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម បានបរិច្ចាគដោយក្ដីស្រលាញ់ ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក។លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមរ៉ូតារីអង្អរ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីក្ដីស្រលាញ់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវអំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកនាយកក៏បានសូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមរ៉ូតារីអង្គរ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ។ អំណោយដែលបានទទួលមាន៖ មុង ១០០ និង ភួយ៥០០៕

អត្ថបទទាក់ទង