កាលពីរសៀលថ្ងៃព្រហស្បតិ៍១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោកពៅ ប៊ុនធឿន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ។ ឱកាសនោះ លោក ពៅ ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការរដ្ឋបាលស្រុកជីក្រែង និងសប្បុរសជនក្នុងស្រុក ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំងក្រុមគ្រួសារនៃសប្បុរសជន បានបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ។ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង មន្ត្រីរាជការរដ្ឋបាលស្រុក ព្រមទាំងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកក៏សូមជូនពរដល់ មន្ត្រីរាជការរដ្ឋបាលស្រុក និងសប្បុរសជន ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ថវិកាដែលមានទទួលមាន៖- អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ថវិកាចំនួន៧.៥០៤.០០០(ប្រាំពីរលានប្រាំសែនបួនពាន់រៀលគត់)។
