រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ផ្ទះមនុស្សធម៌ ១ខ្នង​ ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ​ ដែលពិការជេីងឆ្វេង​ នៅឃុំសំរោងយា​ ស្រុកពួក​

នារសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ដែលផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពី ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាំវ ។ ផ្ទះមនុស្សធម៌នេះ ត្រូវបានប្រគល់ជូនគ្រួសារលោក គី រី អាយុ៦៥ឆ្នាំ (ពិការជើងឆ្វេង) និងភរិយាឈ្មោះ ញ៉ឹក ម៉ុន អាយុ៥៩ឆ្នាំ មានសមាជិកគ្រួសារ៩នាក់ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នដើរស៊ីឈ្នួលគេ គ្រាន់បានចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។ផ្ទះមនុស្សធម៌ដែលបានប្រគល់ជូននាពេលមាន ៦ម៉ែត្រx៦ម៉ែត្រ មានពីបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៤ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ ៩ម៉ែតx១៤ម៉ែត្រ។ថ្លែងក្នុងឱកាសនោះឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញសមិទ្ធផល ដែលគាត់បានចូលរួមតាមរយៈកាកបាទក្រហមកម្ពុជា ហើយមកដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យហួសពីការគិតរបស់គាត់ទៅទៀត។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោកជំទាវ ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សារ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ -មុង២ -ភួយ២ -សារុង២ -ក្រមា២ -កន្ទេល២ -អង្ករ៦០គីឡូក្រាម -មី២កេស -ត្រីខ២យួរ -ឡាំងទឹក២ អាវយឺត១០ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ សម្រាប់គ្រួសារនេះដែរ ព្រះតេជគុណ ព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក បានឧត្ថម្ភបន្ថែម នូវទ័យទានមួយចំនួន និងថវិកាចំនួន១សែនរៀលផងដែរ។សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

អត្ថបទទាក់ទង